Tuesday, December 5, 2017

 ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិក Facebook  បានបើកការិយាល័យថ្មីរបស់ខ្លួននៅទីក្រុងឡុងដ៏(London )  ប្រទេសអង់គ្លេស(UK) ជាមួយនិងការសន្យាថា នឹងបង្កើតការងារចំនួន៨០០ សម្រាប់ទីក្រុងទំនើបមួយនេះ នៅឆ្នាំក្រោយ។ ការវិនិយោគនេះ បានធ្វើអោយទីក្រុងឡុងដ៏ ក្លាយជាមជ្ឈមណ្ឌលវិស្វកម្មរបស់ក្រុមហ៊ុន Facebook  ធំបំផុត បន្ទាប់ពីសហរដ្ឋអាមេ រិក។

ការវិនិយោគនេះ ទទួលបានការស្វាគមន៍ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុលោកហ្វីលីព ហេមមូន(Philip Hammond)។   ក្រុមហ៊ុនហ្វេសប៊ុក បានប្រកាសពីការពង្រីកអាជីវកម្មរបស់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំមុន ដែលការប្រកាសនេះ បានធ្វើឡើងភ្លាមៗ ក្រោយពីក្រុមហ៊ុនហ្គោហ្គល(Google) អោយដឹងថា ខ្លួនកំពុងសាងសង់ការិយាល័យថ្មីនៅទីក្រុងឡុងដ៏ ដែលនឹងទទួលបុគ្គលិកសរុបបានច្រើនជាង៧ពាន់នាក់។
ការប្រកាសទាំងពីរនេះ ត្រូវបានគេមើលឃើញថា ជា ការផ្តល់ទំនុកចិត្តមួយសម្រាប់អនាគតទីក្រុងឡុងដ៏ ជាតំបន់បច្ចេកវិទ្យា បើទោះជាអង់គ្លេសចាកចេញពីអ៊ឺរ៉ុបក៏ដោយ។
ការផ្តល់ការងារថ្មី ដែលបានកើតឡើង១០ឆ្នាំ ក្រោយពីក្រុមហ៊ុនហ្វេសប៊ុកបើកការិយាល័យដំបូងរបស់ខ្លួននៅទីក្រុងឡុងដ៏ នឹងធ្វើអោយចំនួនបុគ្គលិកសរុបរបស់ក្រុមហ៊ុនហ្វេសប៊ុក នៅទីក្រុងឡុងដ៏ កើនឡើងដល់២៣០០នាក់ នៅត្រឹមចុងឆ្នាំ២០១៨ ។
នៅសហរដ្ឋអាមេរិក មានមនុស្សច្រើនជាង១៦០នាក់ បាននាំគ្នាស្លៀកពាក់ជាតាអូណែលសាន់តាក្លស់(Santa Claus) នាំគ្នាជិះស្គីលើជំរាលទឹកកក រៃអង្គាសថវិការសម្រាប់ជួយដល់កិច្ចការមនុស្សធម៌បានប្រមាណជា២ពាន់ដុល្លារអាមេរិក។
មានមនុស្សច្រើនជាង១៦០នាក់ ស្លៀកពាក់សាន់តាក្លស់(Santa Claus) ហើយនាំគ្នាជិះស្គីលើជំរាលភ្នំទឹកកក សម្រាប់កម្មវិធីប្រចាំឆ្នាំសាន់តា សាន់ដេ(Santa Sunday) លើកទី១៨។ កម្មវិធីនេះធ្វើឡើងនៅសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍៣ធ្នូកន្លងទៅ។

កម្មវិធីប្រចាំឆ្នាំនេះ រកថវិការសម្រាប់ជួយដល់កិច្ចការមនុស្សធម៌នៅក្នុងតំបន់បានប្រមាណជា២៥០០ដុល្លារអាមេរិក។
ការជិះស្គីលើទឹកកករបស់ សាន់តាក្លស់ អ្នកដែលទៅមើលកម្មវិធីនេះ នឹងលឺសម្លេងស្រែកថា ហូ ហូ ហូ(Ho. Ho. Ho) នឹងអង្រួនកណ្តឹងផងដែរ នៅពេលពួកគេជិះកន្ត្រក និងជូបជុំគ្នាថតរូបជាក្រុមសម្រាប់អនុស្សាវរីយ៍រៃអង្គាសថវិកាមនុស្សធម៌ នៅរដូវកាលបុណ្យណូអែលឆ្នាំ២០១៧៕

 ព្រះច័ន្ទពេញវង់Full Moon បានប្រហែលក្លាយជា Supermoon ចុងក្រោយគេបង្អស់ប្រចាំឆ្នាំនេះ  បានបញ្ចេញពន្លឺពេញផ្ទៃមេឃ និងបានបង្ហាញពីទិដ្ឋភាពភ្នំភ្លើងកំពុងផ្ទុះនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃច័ន្ទ។Supermoonកើតឡើងនៅពេលព្រះច័ន្ទពេញវង់ ហើយព្រះច័ន្ទហ្នឹងគឺវិលជុំស្ថិតនៅជិតហ្នឹងភពផែនដីខ្លាំងជាទីបំផុត។
ព្រះច័ន្ទពេញវង់ ហើយស្ថិតនៅកៀកនឹងភពផែនដីបំផុត គេហៅថា Supermoon ដែលបានរះឡើងកាលពីថ្ងៃ៣ធ្នូ ជា Supermoon ចុងក្រោយគេបង្អស់ប្រចាំឆ្នាំ២០១៧នេះ ។ Supermoon មួយនេះ បានរះបញ្ចេញពន្លឺពេញមេឃ នៅជិតនឹងភ្នំភ្លើងកំពុងផ្ទុះ នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី ដែលធ្វើអោយគេអាចមើលឃើញទិដ្ឋភាពភ្នំភ្លើងផ្ទុះកាលពីថ្ងៃច័ន្ទ។
ភ្នំភ្លើងអាអ៊ុង(Agung) បានបញ្ចេញផេះ ចេញពីមាត់ភ្នំភ្លើងចាប់តាំងពីសបា្តហ៍មុន។ បើទោះបីជា ភ្លើងចេញពីមាត់ភ្នំភ្លើង មើលទៅឃើញថយចុះក៏ពិតមែននៅប៉ុន្មានថ្ងៃនេះ ប៉ុន្តែមន្ត្រីឥណ្ឌូនេស៊ីបានព្រមានថា ភ្នំភ្លើងនេះអាចនឹងផ្ទុះខ្លាំងឡើង។

ទាក់ទងនឹងរឿងបញ្ហាផ្ទុះភ្នំភ្លើងនៅកោះបាលីនេះ ធ្លាប់បានធ្វើអោយអាកាសយានដ្ឋានបិទប្រតិបត្តិការជាច្រើនថ្ងៃនៅសប្តាហ៍កន្លងទៅ ជាហេតុបណ្តាលអោយ អ្នកទេសចរណ៍មកពីប្រទេសអូស្ត្រាលី ចិន និងបណ្តាប្រទេសដទៃ ត្រូវជាប់ដំនើរនៅអាកាសយានដ្ឋាន មុនពេលការហោះហើរចាប់ផ្តើមប្រតិបត្តិការឡើងវិញ។
ករណីភ្នំភ្លើងនៅកោះបាលីផ្ទុះ បានប៉ះពាល់ដល់អ្នកប្រកបរបរអាជីវកម្មទាក់ទងនឹងវិស័យទេសចរណ៍ផងដែរ ដោយអាជីវករទាំងនោះ បានធ្វើការត្អួញត្អែរធ្ងន់ៗថា ពួកគេរងការខាតបង់ធ្ងន់ណាស់ នៅពេលរដូវកាលសំបូរភ្ញៀវទេសចរណ៍មកដល់ផងនោះ៕

Friday, December 1, 2017

រថភ្លើងដឹកអ្នកដំណើរមួយ នៅប្រទេសអេស្ប៉ាញ បានរអិលធ្លាក់ផ្លូវកាលពីថ្ងៃពុធ បង្ក   អោយមនុស្សយ៉ាងតិច២១នាក់រងរបួស ក្នុងនោះមានម្នាក់រងរបួសធ្ងន់។ ចំណែកមូលហេតុដែលបង្កអោយរថភ្លើងធ្លាក់ផ្លូវនេះ កើតឡើងដោយសារស្ថានភាពមិនល្អ បង្កឡើងពីភ្លៀងធ្លាក់ខ្លាំង។

អាជ្ញាធរកិច្ចការសង្គ្រោះបន្ទាន់របស់ប្រទេសអេស្ប៉ាញ បានអោយដឹងថា រថភ្លើងដឹកអ្នកដំណើរមួយ បានរអិលធ្លាក់ផ្លូវនៅប្រទេសអេស្ប៉ាញ កាលពីថ្ងៃពុធ បង្កអោយមនុស្ស២១នាក់រងរបួស។
រថភ្លើងចម្ងាយមធ្យម បានធ្វើដំណើររវាងខេត្តម៉ាឡាហ្គា(Malaga) និងខេត្ត សេវិល(Seville) ហើយបានរអិលធ្លាក់ចេញពីផ្លូវដែក នៅក្នុងទីក្រុងអេរ៉ាហល(Arahal) ដោយសារស្ថានភាពគ្រោះថ្នាក់ដែលបង្កឡើងពីភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមការអោយដឹងពីអ្នកនាំពាក្យប្រព័ន្ធដឹកជញ្ជូនរបស់ប្រទេសអេស្ប៉ាញ។
ទីភ្នាក់ងារកិច្ចការសង្គ្រោះបន្ទាន់បានអោយដឹងថា បុគ្គលិករបស់ទីភ្នាក់ងារ បានទៅកាន់កន្លែងកើតហេតុច្រើនជាង១០០កន្លែង ដែលសុទ្ធសឹង បង្កឡើងពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត សេវិល(Seville)។
កាលពីឆ្នាំមុន មនុស្ស៤នាក់ស្លាប់ និង៤៧នាក់រងរបួស ក្រោយកើតមានគ្រោះថ្នាក់រថភ្លើងធ្លាក់ផ្លូវនៅប្រទេសអេស្ប៉ាញ៕

Cambodia Kingdom Of Wonder

Sample Text

Powered by Blogger.

Popular Posts

អ្នកគាំទ្រខ្ញុំ

អ្នកចូលទស្សនា

Flag Counter

My Videos