ភ្នំពេញ៖ ផ្លូវចំនួន៤ខ្សែគឺមហវិថីឈ្នះឈ្នះមានទទឹងផ្លូវ២០ម៉ែត្រ ប្រវែងជាង៨គីឡូម៉ែត្រ ផ្លូវជាតិ លេខ៦ ប្រវែង១៧គីឡូម៉ែត្រកន្លះ ផ្លូវស្របមាត់ទន្លេ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦ត្រង់ចំណុច ក្បែរ បុរីអ័រគីដេ និងហេដ្ឋារចនាសម្ព័ន្ធ នានាដូចជាប្រពន្ធ័លូ សួនច្បារ ជាដើមឆ្ពោះទៅកាន់ពហុកីឡដ្ឋាន ជាតិមរតកតេជោ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបាននិង កំពុងមមាញឹកធ្វើការជួសជុលកែលម្អដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី២៧ មករានេះថា តាមប្រសាសន៍ណែនាំពី លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអោយ មន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការជួសជុលគ្រឹះអ៊ុតកៅស៊ូ ដាក់លូ រៀបការឺឡា គូសគំណូសចរាចរណ៍ ជាមួយនិងដាំដើមឈើ តាមបណ្តោយផ្លូវជាតិលេខ៦ អោយបានរួចរាល់នៅមុនខែ០៣ ឆ្នាំ២០២៣ អោយបានរួចរាល់នៅមុន ការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ ខណៈដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ កំណាត់ផ្លូវជាតិលេខ៦នេះ ជាផ្លូវក្នុងចំណោមផ្លូវ៤ខ្សែ ដែល រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងជួសជុសនិងស្ថាបនា ឆ្ពោះទៅកាន់ការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ដោយចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២២និងគ្រោងបញ្ចប់នៅខែមិនាឆ្នាំ២០២៣ ដែលមានប្រវែង១៧គីឡូម៉ែត្រកន្លះ ជាមួយនឹងការដាក់លូសងខាងផ្លូវទំហំមុខកាត់១ម៉ែត្រប្រវែង៣៥គីឡូម៉ែត្រ រៀបការឺឡា គូសគំណូសចរាចរណ៍ និងដាំដើមឈើ រហូតដល់ព្រំប្រទល់ខេត្តកណ្តាល ។ ការងារនេះគិតមកដល់ពេលនេះសម្រេចបាន៨០ភាគរយហើយ ។
លោកសាំ ពិសិដ្ឋ អំពាវនាវអោយប្រជាពលរដ្ឋជួយថែរក្សាការ៉ឺឡាថ្មើរជើង ដោយកុំដាក់តាំងលក់ឥវ៉ាន់ ការចតជាដើមលើការរឺឡា ដែលធ្វើអោយប៉ះពាល់ដល់អ្នកដំណើរថ្មើជើងនិង ជួយថែរក្សាលូនិងស្លាកសញ្ញាចរាចរកុំអោយខូចខាតផងដែរ៕







0 comments:
Post a Comment