មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ
បានអំពាវនាវអោយបណ្តារដ្ឋជាសមាជិកពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរពត៌មាន
ពង្រឹងការគ្រប់គ្រងតំបន់ព្រំដែន និងប្រព័ន្ធយុត្តិធម៌ ស្របតាមវិធានច្បាប់
និងបទដ្ឋានសិទ្ធមនុស្ស។ ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំនៅទីក្រុងញូវយ៉ក
សហរដ្ឋអាមេរិក ស្តីពីសកម្មភាពភេរវកម្មគំរាមកំហែង សន្តិភាព និងសន្តិសុខអន្តរជាតិ ។
លោក
វ្លាឌីមៀរ វ៉ូរុនកូវ(Vladimire Voronkov) អគ្គលេខាធិការរងនៃការិយាល័យទទួលបន្ទុក
ប្រយុទ្ធប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាជាតិ បានថ្លែងប្រាប់ក្រុមប្រឹក្សា
កាលពីថ្ងៃ២៨ វិច្ឆិកានៅទីក្រុងញូវយ៉កថា «គ្មានដំណោះស្រាយងាយស្រួលឡើយ
ចំពោះបញ្ហាដែលបង្ក ឡើងពីភេរវជនបរទេស
ដែលពួកគេត្រូវត្រលប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ»។
មន្ត្រីជាន់ខ្ពស់រូបនេះ
បានបន្តថា ការឆ្លើយតប និងដំណោះស្រាយងាយស្រួលបំផុតមួយ គឺយក
ភេរវជនដែលត្រលប់ទៅប្រទេសកំណើតវិញដាក់ពន្ធនាគារទាំងអស់ ឬធ្វើអ្វីដែលអាចបញ្ឈប់
ពួកគេមិនអោយត្រលប់ទៅប្រទេសកំណើត។ ប៉ុន្តែ ការអនុលោមតាមច្បាប់អន្តរជាតិគឺជារឿង
សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងរបស់ភេរវជនជាជនបរទេស។
យោងតាមអង្គការសហប្រជាជាតិ
របាយការណ៍ថ្មីៗនេះ បង្ហាញថា ភេរវជនជាជនបរទេស ច្រើនជាង៤ម៉ឺននាក់នាក់
មកពីប្រទេសផ្សេងៗគ្នាប្រហែលជាច្រើនជាង១១០ប្រទេស បានធ្វើ
ដំណើរទៅចូលរួមជាមួយក្រុមភេរវជននៅប្រទេសស៊ីរី(Syria) និងប្រទេសអ៊ឺរ៉ាក់(Iraq)។
នៅពេលក្រុមរដ្ឋអ៊ីស្លាមនៅប្រទេសអ៊ឺរ៉ាក់
ចាញ់នៅក្នុងការបង្ក្រាបរបស់យោធារដ្ឋាភិបាល នោះ ចំនួនភេរវជនយ៉ាងច្រើន
បានព្យាយាមរកទីតាំងថ្មីនៅប្រទេសជាច្រើនដូចជា ប្រទេស លីប៊ី យ៉េមេន
និងប្រទេសអាហ្គានីស្ថាន។ ហើយមានភេរវជនយ៉ាងតិច៥ពាន់៦០០នាក់ មក ពី៣៣ប្រទេស
បានត្រលប់ទៅប្រទេសកំណើត៕
(សូមចុចlinkខាងក្រោមដើម្បីអានព័ត៌មានលម្អិត) https://studio.brightcove.com/products/videocloud/media/videos/5661652832001
(សូមចុចlinkខាងក្រោមដើម្បីអានព័ត៌មានលម្អិត) https://studio.brightcove.com/products/videocloud/media/videos/5661652832001


0 comments:
Post a Comment